(ខេត្តតាកែវ)៖លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការជំរុញឲ្យក្រុមការងារទាំងអស់ ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវតាមដានរាល់សកម្មភាពមិនប្រក្រតីនានាក្នុងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់រាល់ទម្រង់ នៃអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា សំដៅលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។
ការជំរុញនេះក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី ១១ នៅសាលប្រជុំរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី លោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាលរងខេត្ត មន្រ្តីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ លោកអធិការនគរបាល ប៉ុស្តិ៍នគរបាល រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។


លោកអភិបាលខេត្តតាកែវ បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតនូវវិធានការដ៏មុតស្រួច ក្នុងការបង្ការទប់ស្កាត់ ការជួញដូរមនុស្សគ្រប់ទម្រង់ និងករណីឆបោកតាមប្រព័ន្ធអនឡាញនេះ។ ដូច្នេះក្រុមការងារ ត្រូវមានភាពច្បាស់លាស់ពីទិន្នន័យ នៃការបង្ក្រាបបទល្មើស និងការជួយសង្គ្រោះជនរងគ្រោះ ដោយផ្អែកលើប្រព័ន្ធទិន្នន័យជាក់លាក់ ដើម្បីធានាប្រសិទ្ធភាពការងារ បន្តចុះអប់រំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យបានយល់ដឹងពីល្បិចកលជនខិលខូច។ ជាពិសេស ត្រូវបង្កើនការធ្វើការងាររួមគ្នារវាងអាជ្ញាធរដែនដី និងអង្គការដៃគូ ដើម្បីផ្ដល់សេវាគាំពារផ្នែកច្បាប់ និងស្មារតី ដល់ជនរងគ្រោះ ឲ្យបានទាន់ពេលវេលា៕

