តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី១១ មេសា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញ ចូលរួមក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបជូនដែរថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ឥតងាករេ របស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវបណ្តាញផ្លូវនាវាចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងតភ្ជាប់បណ្តាញ នៃការដឹកជញ្ជូនរវាងផ្លូវទន្លេ និងផ្លូវសមុទ្រជាមួយឆន្ទៈ និងមនសិកា “ឧត្តមនិយម” ផលប្រយោជន៍ជាតិ និងប្រជាជន។

ជាមួយគ្នានេះដែរ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងប្រទេស និងឯករាជ្យនយោបាយ លើការដឹកជញ្ជូនផ្លូវទឹក ដោយបានគិតគូរ គ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពយុទ្ធសាស្ត្រ បច្ចេកទេស និងថវិកា។ គម្រោងនេះ គឺជាការស្តារឡើងវិញនូវផ្លូវទឹក ដែលបុព្វបុរសខ្មែរយើង ធ្លាប់បានប្រើប្រាស់តាំងពីសម័យបុរេប្រវត្តិ គឺប្រមាណជាង ២០០០ឆ្នាំមុន។



គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ជាប្រវត្តិសាស្ត្រលើកដំបូងក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេទៅកាន់សមុទ្រ។ ព្រែកជីកនេះនឹងក្លាយជាច្រករបៀងយុទ្ធសាស្ត្រ តភ្ជាប់ការដឹកជញ្ជូន ពីរាជធានីភ្នំពេញទៅកាន់តំបន់ឆ្នេរនៃសមុទ្រ។ ផែនការអភិវឌ្ឍន៍នេះ មានគោលបំណងជំរុញការរីកចម្រើន ប្រកបដោយតុល្យភាព ធ្វើពិពិធកម្មឧស្សាហកម្ម និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្អែកលើគោលការណ៍អភិវឌ្ឍន៍ អេកូឡូស៊ី។ បន្ថែមពីនេះ វានឹងក្លាយជាសរសៃឈាមតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗដូចជា ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងរ៉ែទន្លេមេគង្គលើ ដែលបានគាំទ្រដល់ចក្ខុវិស័យអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ របស់កម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០៕
