តាកែវ៖ហ្វេសប៊ុកមួយឈ្មោះថា «Tiv Rotha (ទីវ រដ្ឋា)» ហាក់បីដូចជាខំប្រឹងការពារលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខ្លាំងណាស់ ពោលគឺ មន្ត្រីការពារមន្ត្រីជារឿងធម្មតា ប៉ុន្តែ ហេតុអ្វីចាំបាច់មកដៀលអ្នកសារព័ត៌មាន ថា «ខ្ចប់មមីសមាន់» ទៅវិញ ? ។
ហ្វេសប៊ុក«Tiv Rotha (ទីវ រដ្ឋា)» បានសរសេរ ថា ៖
គាត់ (លោកឆាយ កែវមុន្នី) មិនមែនអាក្រក់ខ្លាំងដូច កាសែនខ្ចប់មមីសមាន់មួយនោះ លើកឡើងនោះទេ ។ មន្ត្រីក្រោមឱវាទនៅអធិការដ្ឋាននគរបាលស្រុកបាទី ក៏គោរពស្រឡាញ់គាត់ ។
កាសែនខ្ចប់មមីសមាន់ខ្លះ ខឹងសុំលាភគេមិនបាន ខំប្រឹងវាយប្រហារគេចោទគេទាំងទទឹងទិស ។
ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានដែរ ខ្ញុំមើលសំណេរនេះហើយ និយាយដូចហួសហេតុពេក ហ្វេសប៊ុក«Tiv Rotha (ទីវ រដ្ឋា)» ទេ ដែលជាអ្នកសរសេរគ្មានភស្តុតាងទាំងទទឹងទិសខ្លួនឯង បែរជាមកចោទអ្នកសារព័ត៌មាន ដែលមានឯកសារត្រឹមត្រូវ ថា វាយប្រហារ លោក ឆាយ កែវមុន្នី ទៅវិញ ។
ខ្ញុំ ចាងហ្វាងសារព័ត៌មាន កម្ពុជាឈ្នះ ក៏ដូចបងប្អូនសារព័ត៌មានជាច្រើនទៀត សុទ្ធតែបានផ្សាយគ្រប់ៗគ្នាអំពីពាក្យបណ្តឹងរបស់មន្ត្រីចំណុះអធិការដ្ឋាននគរបាលស្រុកបាទីរហូតដល់ទៅចំនួន៧៦នាក់ក្នុងចំណោមជិត១០០នាក់ ប៉ុណ្ណោះ បើគិតជាភាគរយគឺច្រើនលើសលប់ណាស់ទៅហើយ ដែលបានប្តឹង លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានចំនួន៤ទំព័ររៀបរាប់យ៉ាងលម្អិតបំផុត ពិសេសការទទួលសំណូកចំនួន៥០០០ដុល្លារក្នុង១ខែ ពី ស្កេបអនឡាញ ។
លិខិតពាក្យបណ្តឹងដែលមានទាំងសរសេរឈ្មោះ ឋានន្តរស័ក្តិ តួនាទី អត្តលេខ និង ស្នាមមេដៃក្រហម បង្ហាញអំពីភាពច្បាស់លាស់ ៧៦នាក់ ហ៊ានប្តឹង មេរបស់ខ្លួន សួរថា តើកូនចៅណាសុខៗហ៊ានប្តឹងមេរបស់ខ្លួនជាសាធារណៈបែបនេះ?។
សូមបញ្ឈប់ទៅវប្បធម៌មន្ត្រីការពារមន្ត្រី តែ បើការពារក៏ការពារចុះ តែ កុំមកដៀលអ្នកសារព័ត៌មាន ឱ្យសោះ ខ្ញុំសូមផ្តាំ ដៀលបានសម្រាប់អ្នកសារព័ត៌មាន ដែលផ្សាយព័ត៌មានមិនច្បាស់លាស់ មិនមានឯកសារត្រឹមត្រូវ តែប៉ុណ្ណោះ នេះគេហៅថា «គ្មានវិជ្ជាជីវៈ» ៕
ដកស្រង់ អត្ថបទ និងរូបភាពទាំងស្រុងពី៖ កម្ពុជាឈ្នះ

