ខេត្តកណ្តាល៖ រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ ព្រះសង្ឃជាង ១៨០០អង្គ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បាននិមន្ត និងអញ្ជើញប្រារព្ធពិធីបុណ្យខួប ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក នៅទីតាំងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៅព្រះរាជាណាចក្រកម្ពុជា ភ្នំឧដុង្គ (ភ្នំអដ្ឋរស្ស) ឃុំផ្សាដែក ស្រុកពញាឮខេត្តកណ្តាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។
ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ។
ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង៣ចំណុចនោះរួមមាន (១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ (២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំង ពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស។

