នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអាវក្រោះម៉ូឌែល DSS ផលិតនៅកម្ពុជា (Made in Cambodia) និងមួកការពារគ្រាប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូន អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងអនុវត្តច្បាប់ ក្នុងបុព្វហេតុការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ។
ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងទទួលដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់កងកម្លាំងដែលបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ និងផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់វិស័យសន្តិសុខ និងការពារជាតិ ព្រមទាំងបានចាត់ទុកអំណោយដ៏មានតម្លៃនេះថា ជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់កងកម្លាំងក្នុងការបន្តបំពេញតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។
អត្ថបទ៖ KSH

